ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានចាប់ផ្ដើមបើកការប្រកួតហើយ នៅមណ្ឌលរាជធានីភ្នំពេញ មានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២៥ ប្រព្រឹត្តិទៅ នាសាលាប៊ែលធីអន្តរជាតិ
ភ្នំពេញ ៖ សហព័ន្ធអុកចត្រង្គកម្ពុជា សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីប្រកួតអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី” នៅមណ្ឌលភ្នំពេញ ដែលជាមណ្ឌលទី៧ ដោយមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២៥ ប្រព្រឹត្តិទៅ នាសាលាប៊ែលធីអន្តរជាតិ (ផ្លូវជាតិលេខ៣) ដោយមានការគាំទ្រ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ក្នុងឱកាសបើកការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី” មណ្ឌលភ្នំពេញនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររៀបចំការប្រកួតអុកចត្រង្គអង្គរសង្រ្កាន្ត តំណាងឯកឧត្តមបណ្ឌិត ហេង សុខគង រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងប្រធានក្រុមការងាររៀបចំការប្រកួតអុកចត្រង្គអង្គរសង្រ្កាន្ត លោកបណ្ឌិត ហ៊ួ វណ្ណៈ សកលវិទ្យាធិការរង ទទួលបន្ទុកសាខាទី២ នៃសាលាប៊ែលធីអន្តរជាតិ និងលោក ហ៊ូយ សូណា ប្រធានបច្ចេកទេស តំណាងលោក គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គកម្ពុជា ។
លោក ហ៊ូយ សូណា បានបញ្ជាក់ថា ប្រកួតការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» នៅមណ្ឌលភ្នំពេញ មានកីឡាករចូលរួមចំនួន ៣២ នាក់ ត្រូវបានបែងចែកចេញ៨ពូល ដោយមណ្ឌលភ្នំពេញមានកីឡាករច្រើនជាងមណ្ឌលទាំង ៦ ដូច្នេះគណៈកម្មការសម្រេចជ្រើសរើសកីឡាករចំនួន ៦នាក់។ ដោយផ្តោតលើករូបមន្តប្រកួត ក្នុងពូលនីមួយៗជ្រើសរើសយកកីឡាករ ២នាក់ យើងទទួល ១៦នាក់ជម្រុះយក ៨នាក់ទៀត ដោយកីឡាករទាំង ៨នាក់ប្រកួតយក ៤នាក់ជាប់ដោយស្វ័យប្រវត្តិចំណែកកីឡាករ ៤នាក់ត្រូវប្រកួតយក ២នាក់ដើម្បីឲ្យបង្គាប់៦នាក់ ។
ឯកឧត្តម លី ចាន់សុភក្តី បានមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី” ក្រោមអនុសាសន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ហើយក៏ជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន បានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់ អ្នកចូលចិត្តលេងកីឡា អុកចត្រង្គឲ្យបានច្រើនតាមបណ្តាលរាជធានីខេត្តទាំង ៧មណ្ឌល ។
កីឡាអុកចត្រង្គនេះមានតាំងពីបុរាណមក ហើយក៏មានការឆ្លាក់លើសិលា ចារិកតាមជញ្ជាំងប្រាសាទបុរាណ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង ប្រាសាទព្រះខ័នជាដើម។ សម្រាប់ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើម របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការរៀបចំឲ្យមានការប្រកួតបន្ថែមដូចជាជើងឯកកុមារ និងជើងឯកនិស្សិត មហាវិទ្យាល័យ សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ទាំងនេះគឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ ដល់វិស័យកីឡា អុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទ កីឡាអត្តសញ្ញាញជាតិ របស់ខ្មែរមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ឯកឧត្តម លី ចាន់សុភក្តី បានបន្តថា ការលេងកីឡាអុកចត្រង្គ ដោយជៀសចេញឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខផ្សេងៗ ផងដែរ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ការនិយមលេងកីឡាអុកចត្រង្គនេះ នឹងជួយបង្កើនបញ្ញាស្មារតី របស់ពួកគាត់មានការវិវឌ្ឍខ្ពស់រហូតដល់២ទៅ៣ដង។ ជាក់ស្តែងក្នុងការប្រកួតជម្រុះថ្ងៃនេះ ឃើញថាមានកីឡាករចំនួន ៣២ នាក់ចូលរួម កាន់តែធ្វើឲ្យការប្រកួតមានកាន់ប្រសើរឡើង ។ លោកអំពាវនាវកីឡាករចូលរួម ទាំងអស់ត្រូវប្រកាន់ភ្ជាប់ នៅក្រមសីលធម៌ប្រកួតឲ្យបានល្អ ។
ឯកឧត្តមអនុប្រធានក្រុមការងារ រៀបចំការប្រកួតអុកចត្រង្គអង្គរ សង្រ្កាន្ត បានសង្កត់ធ្ងន់ថាការប្រកួតនេះនឹងស្វែង រកបេក្ខភាពជ័យលាភីចំនួន ៦នាក់ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កានឆ្នាំ២០២៥នេះ នៅខេត្តសៀមរាបផ្ទាល់តែម្តង ។ ដោយឡែកសម្រាប់ផ្នែកសិស្សនិស្សិត គណៈកម្មការនឹង ជ្រើសរើស បេក្ខភាពជ័យលាភី២រូប ឡើងទៅប្រកួតនៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបដែរជាមួយ នឹងផ្នែកមហាជន ដោយយើងនឹងចម្រាញ់រកស្តេចអុក ក្នុងឱកាសនោះផងដែរ៕
ដោយ ៖ The Cambodian News