ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រ នៃគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាព រស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដែលប្រារព្ធឡើងនៅសាលាស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រ នៃគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាព រស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ (ហៅកាត់ ACRP) ដែលប្រារព្ធឡើងនៅសាលាស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួចមក៖
លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងភាពធន់របស់សហគមន៍ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាព, ធ្វើឱ្យប្រាកដថាគ្មាននរណាម្នាក់នៅសេសសល់ ក្នុងការស្តារឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាតសកល។ លោកស្រី បានបញ្ជាក់បន្ថែមថា គម្រោងពន្លឿនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ក្រុមងាយរងគ្រោះ និងជនក្រីក្រនៅកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់របស់ពួកគេ។ គម្រោងនេះនឹងបានទៅដល់គ្រួសារក្រីក្រចំនួន ៥ ៥០០ គ្រួសារ នៅទូទាំងខេត្តចំនួន៥ គឺ កំពង់ឆ្នាំង, ព្រះវិហារ, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ។ គម្រោងនេះ នឹងផ្តល់ជូនពួកគេនូវទ្រព្យចាំបាច់ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ ការពារសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។ ស្មើនឹងប្រមាណ ១៣ ៧៥០នាក់ រួមទាំងកុមារយ៉ាងតិច ៥ ០០០នាក់។
លោកស្រី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងពិធីថា ឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១០ នៃការបង្កើតមូលនិធិអភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ដល់ពេលនេះ ប្រទេសចិន បានសហការជាមួយអង្គការអន្តរជាតិជាង២០ រួមទាំង UNDP, UNICEF និង WHO, ដើម្បីអនុវត្តគម្រោងជាង១៦០ នៅជាង ៦០ប្រទេស ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣០លាននាក់ និងចាក់បញ្ចូលសន្ទុះខ្លាំង ទៅក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី បានគូសបញ្ជាក់ថា ប្រទេសចិននិងកម្ពុជា មានទំនាក់ទំនងជាប្រពៃណី និងកំពុងរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់។ ចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា និងអង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការគាំទ្រសម្រាប់ការពន្លឿនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ក្រុមដែលងាយរងគ្រោះ និងជនក្រីក្រនៅកម្ពុជា ក្រោមក្របខណ្ឌនៃមូលនិធិអភិវឌ្ឍន៍សកល និងមូលនិធិសហប្រតិបត្តិការត្បូង-ត្បូង, ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជា កាន់តែស៊ីជម្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់សុខុមាលភាព ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ គឺជាឆ្អឹងខ្នងនៃមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលប្រើប្រាស់ជាប្រភពទិន្នន័យគោលសម្រាប់កម្មវិធីជាតិជំនួយសង្គមនានា សំដៅសម្រេចបានអាទិភាពមួយ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់“។ កិច្ចការនេះ គឺជាការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាបន្តបន្ទាប់ក្នុងចំណោមរដ្ឋាភិបាល វិស័យឯកជន និងអង្គការជាតិនិងអន្តរជាតិ។ ជាក់ស្តែង ក្រសួងផែនការ មានកិច្ច សហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ដែលក្នុងនោះកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិ (UNDP) តែងតែផ្តល់ការគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេសប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន គឺជាទំនាក់ទំនងដ៏រឹងមាំប្រៀបដូចជាត្បូងពេជ្រ ដែលផ្តើមចេញពីចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងកំពុងឈានទៅការកសាងសហគមន៍ជោគ វាសនារួម ដែលនឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ក្រសួងផែនការ ដោយមានការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP បានរៀបចំពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រនេះឡើង ដើម្បីបន្តរួមចំណែកអនុវត្តកម្មវិធីនយោបាយ បន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅក្នុងការជ្រើសរើសគ្រួសារក្រីក្រដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០គ្រួសារ ក្នុងនោះ ២ ៥០០គ្រួសារ ត្រូវទទួលបានទ្រព្យសកម្ម ដូចជា មាន់ ពូជបន្លែ និងសម្ភារៈកសិកម្ម និង ៣ ០០០គ្រួសារទៀត ត្រូវទទួលបានសម្ភារៈសុខភាពអនាម័យ និងសម្ភារៈផ្សេងៗទៀត សម្រាប់ខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការប្រគល់ទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យជូនគ្រួសារក្រីក្រនេះ នឹងផ្តល់ជូនជា ដំណាក់កាល បូករួមទាំងការផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសទៅលើការចិញ្ចឹមមាន់ ការដាំដុះ និងរបៀបថែទាំដល់អ្នកទទួលផលគ្រប់រូបផងដែរ។ ក្នុងន័យនេះ សម្ភារៈសុខភាពអនាម័យ នឹងត្រូវចែកជូនដល់គ្រួសារដែលមានឈ្មោះទទួលផលមុន ដោយឡែកសម្ភារៈកសិកម្ម នឹងត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ តាមរយៈវគ្គបណ្តុះបណ្តាលនៅតាមឃុំ សង្កាត់ ដែលនឹងរៀបចំដោយអង្គការ UNDP។ ចំពោះការដឹកជញ្ជូនទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យ អង្គការ UNDP នឹងដឹកសម្ភារៈទាំងនោះទៅតាមឃុំ សង្កាត់គោលដៅនីមួយៗ។ តាងនាមក្រសួងផែនការ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលបានទទួលផលពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនឱ្យរួចផុតពីភាពក្រីក្រ ដោយប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់គ្រួសារដែលបានទទួលផល សូមយកចិត្តទុកដាក់ក្នុងការស្វែងយល់ និង ចាប់យកបច្ចេកទេសនានា ដែលមានបង្ហាញក្នុងវគ្គបណ្តុះបណ្តាល ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ ក្រសួងផែនការ និងកម្មវិធី UNDP នឹងធ្វើការរួមគ្នាជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការប្រគល់សម្ភារៈ និងវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែមានភាពច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានរៀបចំគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ តាមរយៈការផ្តល់ទ្រព្យសកម្ម ដែលជាគម្រោងដ៏សំខាន់មួយ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ក្រសួងផែនការ ប្តេជ្ញាបន្តពង្រឹងកម្មវិធីគាំពារសង្គម និងបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយកម្មវិធី UNDP និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធានាថា គ្រួសារក្រីក្រនិងងាយរងគ្រោះ ទទួលបានការគាំទ្រជាចាំបាច់ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕
ប្រភព៖ ក្រសួងផែនការ